Tuesday, May 22, 2012

លោកសម រង្ស៊ី​ចូលរួម​ឃោសនា​រកសំឡេង​ឆ្នោត​ពីចម្ងាយ​

មេដឹកនាំ​បក្សប្រឆាំង​លោក​សម រង្ស៊ី​ដែល​កំពុង​និរទេស​ខ្លួន​នៅឯ​ប្រទេស​បារាំង​ ​ដោយសារតែ​រឿងក្តី​ជាច្រើន​នោះ ក៏បាន​ចូលរួម​ឃោសនា​រក​សំឡេងឆ្នោត​ឲ្យ​គណបក្ស​របស់ខ្លួន​ដែរ។​ក្នុង​សារ​ជា​វីដេអូ​ដែល​ផ្សាយ​នៅលើ​ គេ​ហទំព័រ​គណបក្ស​របស់ខ្លួន លោក​សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​បេក្ខជន​មេឃុំ និង​ចៅសង្កាត់​គណបក្ស​សម រង្ស៊ី​ដើម្បី​ផ្លាស់ប្តូរ​នៅ​ថ្នាក់​មូលដ្ឋាន។ ទោះបីជា​មិនអាច​វិលត្រឡប់​ចូល​ស្រុក​បាន​ក៏​លោក សម រង្ស៊ី នៅតែ​អាច​ឃោសនា​រក​សំឡេង​ឆ្នោត​ពី​ចម្ងាយ​បានដែរ។ ​មេដឹកនាំ​បក្សប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ច្រើនជាង១០ឆ្នាំ​ក្នុង​សំណុំរឿង​ជាច្រើន​នោះបាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅ​ថ្ងៃទី៣មិថុនា​ខាងមុខនេះ។ បើទោះបី​រដ្ឋសភា​បាន​លុបឈ្មោះ​លោក​ចេញពី​បញ្ជី​អ្នកតំណាងរាស្ត្រ​ជាច្រើន​ខែ​ហើយ​ក៏ដោយ​ និង​បើទោះបីជា​មន្ត្រី​គណបក្ស​កាន់អំណាច​ហៅ​រូបលោក​ថា​ជា​ទណ្ឌិត​ក៏ដោយ ក៏​លោក​សម រង្ស៊ី នៅតែ​ចាត់ទុក​រូបលោក​ជា​តំណាងរាស្ត្រ​ជាប់ឆ្នោត​ដដែល​ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​មេឃុំ និង​ចៅសង្កាត់​របស់​គណបក្ស​សម រង្ស៊ី​ដើម្បី​ការផ្លាស់ប្តូរ។ ​លោក​សម រង្ស៊ី​សន្យាថា មេឃុំ​គណបក្ស​របស់លោក​នឹង​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ឲ្យ​ផុតពី​ការបំពាន​ដីធ្លី និង​អយុត្តិធម៌​សង្គមផ្សេងៗទៀត។ សូមបញ្ជាក់ថា នេះ​ជា​ថ្ងៃទី៥ហើយ​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ដែលមាន​រយៈពេល​១៥ថ្ងៃ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី៣មិថុនា​ខាងមុខ។ ​គណបក្ស​នយោបាយ​ចំនួន១០​កំពុងតែ​ធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត​ទៅតាម​លទ្ធភាព​រៀងៗខ្លួន។​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​ត្រូវគេ​កត់សម្គាល់​ឃើញថា​បានធ្វើ​សកម្មភាព​គគ្រឹក​គគ្រេង​ជាងគេ។ ​ប៉ុន្តែ ក៏មាន​ការចោទ​ប្រកាន់​ច្រើនជាង​គេ​ដែរ​ថា​ គណបក្ស​នេះ​បាន​ប្រើប្រាស់​ធនធាន​របស់រ​ដ្ឋ​ដើម្បី​ឃោសនា។ នៅក្នុង​អំឡុងពេល​នៃ​ការឃោសនា​នេះ ​មេគណបក្ស​ទាំ​អស់​ដែល​ចូលរួម​ប្រកួត​ប្រជែង​សុទ្ធតែ​បាន​ចុះ​ធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោ​យ​ដោយផ្ទាល់​រាប់ទាំង​ព្រះអង្គម្ចាស់​នរោត្តម រណ​ឫទ្ធិ ​ជារាជវង្ស ​និង​លោក​សម រង្ស៊ី​ដែល​នៅឯ​ក្រៅ​ប្រទេស​ផង។ ​ប៉ុន្តែ ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងបី​ដែល​កំពុង​កាន់កាប់​តំណែង​កំពូល​របស់​ព្រឹទ្ធសភា ​រដ្ឋសភា ​និង​រដ្ឋាភិបាល​មិនបាន​ចេញមុខ​ឃោសនា​ទេ។​ ការចេញ​មុខជា​សាធារណៈ​មួយ​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​សន្តិសុខ​ស្បៀង​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​និយាយ​ការពារ​ខ្លួន​ថា ​លោក​មិន​យក​ឱកាស​នេះ​ដើម្បី​ឃោសនា​រក​សំឡេងឆ្នោត​ទេ។ ប៉ុន្តែ មេដឹកនាំ​បក្សប្រឆាំង​វិញកំពុង​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​ប្រជាជន​ម្ចាស់​ឆ្នោត។​ លោក​សម រង្ស៊ី បាន​សន្យា​ពី​ចម្ងាយ​ថា គណបក្ស​របស់លោក​នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​ក៏ដូចជា​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​ខែកក្កដា​ឆ្នាំ២០១៣​ខាងមុខ៕

No comments:

Post a Comment